Friday, May 27, 2011

អគ្គ​លេខា​ធិការ​​អង្គការ​សហប្រជាជាតិ​បាន​​​បញ្ជាក់​​អំពី​​​បច្ចេក​វិទ្យា​ព័ត៌មាន​សម្រាប់​ប្រជាជន​នៅ​ជន​បទ

យោង​តាម​​អត្ថបទ​​​ពី​មណ្ឌល​ព័ត៌មាន​របស់​​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១១​កន្លងនេះទៅ​បាន​ឲ្យ​ដឹង​ថា​៖

លោក​ បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ មាន​ប្រសាសន៍ថា ចាប់​ពី​ការ​ត​ភ្ជាប់​បណ្ដាញ​​អ៊ីន​ធើរណិត​ទៅ​តាម​សាលា​រៀននៅ​​ភូមិ​ រហូត​ដល់​ការ​​​​ប្រើ​ប្រាស់​មណ្ឌល​សុខ​ភាព​​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណិត​​នៅ​តាម​មណ្ឌល​សុខភាព​នៅ​តំបន់​ជន​បទ និង​ការ​​​ផ្ដល់​ព័ត៌មាន​អំពី​អាកាសធាតុ​​យ៉ាង​ច្បាស់​លាស់​ទៅ​កសិករ គឺ​មាន​តែ​បច្ចេក​វិទ្យា ព័ត៌មាន គមនា​គមន៍​​​នេះ​ហើយ ​ដែល​​អាច​នាំមក​នូវ​ផល​ប្រយោជន៍​យ៉ាង​ធំធេង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ នៅ​ទូទាំង​ពិភព​លោក។

នៅ​ក្នុង​សារ​មួយ​ ដែល​លោក​​បាន​ថ្លែង​​​នៅ​​ក្នុង​ ទិវា​​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍​ពិភព​លោក លោក បាន គី​មូនបាន​​ជំរុញ​ ​​អ្នក​បង្កើត​គោល​​នយោបាយ​ទាំង​អស់​​នៅ​ក្នុង​ពិភព​លោក​ ឲ្យ​ខិត​ខំ​ប្រឺង​ប្រែង​បន្ថែម​ទៀត​ ដើម្បី​ធានាឲ្យ​បាន​ថា បណ្ដា​សហគមន៍​នៅ​តាម​តំបន់​ជន​បទ ​អាច​មាន​លទ្ធភាព​​ប្រើ​ប្រាស់​ជា​​​ប្រយោជន៍​​នូវ​បច្ចេកវិទ្យា​​​ថ្មី​​បំផុតនេះ​ និង​មិន​ឲ្យ​សហគមន៍​ទាំង​នោះ​​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​ដោយសារ​​​​​បច្ចេកវិទ្យា​អេឡិច​ត្រូនិក ដែល​អាច​ធ្វើ​ឲ្យ​មាន​គម្លាត​ពី​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រទេ។

លោក​ បាន​ គី​មូន មាន​ប្រសាសន៍​ថា៖ "​នៅ​ពេល​ដែល​យើង​បាន​បំពេញ​គម្លាត​ប្រព័ន្ធ​បច្ចេក​វិទ្យា​អេឡិច​ត្រូនិក ពេល​នោះ​យើង​ធ្វើ​ឲ្យ​គម្លាត​​ដែល​ញែកភាព​ខុស​គ្នារវាង​អ្នក​ដែល​អាចនិង​អ្នក​ដែល​មិនអាច​មាន​លទ្ធភាព​​ប្រើ​ប្រាស់​ព័ត៌មាន និង​ចំណេះ​ដឹង ដែល​ជា​​​មធ្យោបាយ​ពង្រីកឱកាសនានា​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ"។

ដោយនិយាយ​​សំដៅ​ដល់​គោល​ដៅ​សង្គម​កិច្ច​ និង​សេដ្ឋកិច្ច​​ដែល​អ្នក​ដឹកនាំ​ធំៗ​នៅក្នុង​ពិភព​លោក​បាន​​សន្យា​ព្យា​យាម​សម្រេច​នៅ​ត្រឹម​ឆ្នាំ​២០១៥​នោះ​ ​លោក​​បាន​ គីមូន មាន​ប្រសាសន៍​បន្ថែម​ទៀតថា "​ការ​ប្រើ​ប្រាស់​កាន់​​តែ​ច្រើន មាន​ន័យថា​ យើង​សម្រេច​គោល​ដៅ​សហសវត្សរ៍​កាន់​តែ​ឆាប់។​

“​នេះ​មាន​ន័យថា មាន​ប្រជាជន​ក្រី​ក្រ និង​អត់​ឃ្លាត​កាន់​តែ​តិច ព្រម​ទាំង​មាន​និរន្តរភាព​ផ្នែក​បរិស្ថាន​កាន់​តែ​ច្រើន ព្រម​ទាំង​ប្រែ​ក្លាយ​ទៅ​ជា​មាន​សមភាព និង​អំណាច (សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ​) សម្រាប់​ស្ត្រី និងប្រជាជន​ទន់​ខ្សោយ​កាន់​តែ​ធំធេង"។

ប្រធាន​បទ​នៃ ​ទិវា​​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍​ពិភព​លោក​សម្រាប់​ឆ្នាំ​នេះគឺ​ "ជីវភាព​របស់​ប្រជា​ជន​​នៅ​តាម​តំបន់​ជនបទ​កាន់​តែ​​ប្រសើរ​​​ដោយ​​ប្រើ​ប្រាស់​ ICTs”។ ចំណែក​ឯ​លោក​ បាន គីមូន បាន​កត់​សម្គាល់​នៅ​ក្នុង​សារ​របស់​​លោក​ថា ជីវិត​របស់​ប្រជាជន​ក្រី​ក្រ​នៅ​តាម​តំបន់​ជនបទ​​ដែលមាន​ចំនួន​ប៉ាន់​ស្មាន​ ១,៤ ពាន់​លាន​នាក់​​នៅ​ទូទាំង​ពិភព​លោក​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជីវភាព​ដោយ​ បច្ចេក​វិទ្យា ព័ត៌មាន​ គមនាគមន៍

លោក​មាន​ប្រសាសន៍ថា ទូរគមនាគមន៍​​ដែល​តភ្ជាប់​អ៊ីន​ធើរ​ណិត​ល្បឿន​លឿន (broadband telecommunication) អាច​មាន​លទ្ធភាព​​បញ្ជូន​ព័ត៌មាន​សំខាន់ៗ​ទៅ​ដល់​តំបន់​​ដាច់​ស្រយាល​នៅ​ជនបទ, អាច​មាន​លទ្ធភាព​សម្រប​សម្រួល​​ពាណិជ្ជកម្ម, អាច​បើក​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម​ថែទាំ​សុខ​ភាពនិង​អប់រំ និងអាច​ផ្ដល់​ឱកាសដល់​​​​ប្រជាជន​ដែល​មាន​វប្បធម៌​ និង​សាវតា​ផ្សេងៗ​អាច​ជួប​ជុំ​គ្នា​​និង​ធ្វើការ​ជាមួយ​គ្នា​បាន។

ទន្ទឹម​គ្នា​នេះ​ដែរ លោក​ Tarja Halonen ប្រធានាធិបតី​ប្រទេស​ហ្វាំង​ឡង់, លោក Sam Pitroda អ្នក​រក​ឃើញ​បច្ចេក​វិទ្យាទូរគមនា​គមន៍​ឥណ្ឌា, និង Kristin Peterson សហស្ថាបនិក​ និង​​ជា​​ប្រធាន​ប្រតិបត្តិ​របស់​ Inveneo ដែល​ជា​សហគ្រាស ICTs មិន​ស្វែង​រក​ប្រាក់​ចំណេញ សុទ្ធ​តែ​​ទទួល​បាន​រង្វាន់ជាកិត្តិយស​ នៅថ្ងៃ​នេះ​សម្រាប់​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍​ពិភព​លោក​ នៅ​ក្នុង​​​ឆ្នាំ​នេះ​។

Hamdoun Toure បាន​កោត​សរសើរ​ដល់​​​អ្នក​ទទួល​បាន​រង្វាន់​កិត្តិយសទាំង​អស់​​ដែល​​បាន​ចំណាយ​​កម្លាំង​​កាយ​ចិត្ត​ក្នុង​ការ​​ជំរុញ​ និង​លើក​កម្ពស់​ ICTs ​ឲ្យ​ទៅ​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​​រស់​នៅ​​​របស់​ប្រជាជន​​កាន់​តែ​ល្អ​ប្រសើរ ជាពិសេស​ជីវភាព​របស់​ប្រជាជន​ក្រី​ក្រ​នៅ​តាម​សហគមន៍​តំបន់​ដាច់​ស្រយាល។

No comments:

Post a Comment