តាមអត្ថបទពីមណ្ឌលព័ត៌មានរបស់អង្គការសហប្រជាជាតិ ដែលបានចុះផ្សាយកាលពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១១នេះ បានឲ្យដឹងថា៖ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវ នៅថ្ងៃនេះ ទៅគណៈប្រតិភូដែលបានចូលរួមសន្និសីទកំពូលអំពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីឲ្យចូលរួមជួយបំពេញគម្លាតបច្ចេកវិទ្យាអេឡិចត្រូនិក ដែលធ្វើឲ្យអ្នកមាននិងអ្នកក្រ ដែលអាស្រ័យលើការប្រើប្រាស់ទូរគមនាគមន៍នាសម័យទំនើបនេះនៅឆ្ងាយពីគ្នា។
លោក បាន គីមូន មានប្រសាសន៍នៅក្នុងសារជាវិឌីអូ ទៅកាន់គណៈប្រតិភូចំនួន៦០០នាក់ ដែលបានចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថា៖ "យើងគប្បីត្រូវចាប់ផ្ដើមធ្វើការរួមគ្នាដើម្បីបំពេញគម្លាតបច្ចេកវិទ្យាអេឡិចត្រូនិក ដើម្បីឲ្យប្រជាជនទាំងអស់នៅទូទាំងពិភពលោកបានទទួលផលប្រយោជន៍ពីបច្ចេកវិទ្យានេះ"។
លោកមានប្រសាសន៍បន្ថែមទៀតថា "យើងទាំងអស់គ្នាគប្បីត្រូវរួមគ្នាលើកកម្ពស់ការប្រើប្រាស់ពហុភាសាក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ យើងទាំងអស់គ្នាត្រូវធានាឲ្យបាននូវការប្រើប្រាស់ឧបករណ៍ អ៊ីនធើរណិត និងប្រព័ន្ធផ្សព្វផ្សាយជាបណ្ដាញសង្គមឲ្យបានគ្រប់ទីកន្លែង"។
“សេរីភាពក្នុងការសំដែងមតិ សេរីភាពក្នុងការទទួលព័ត៌មាន និងសេរីភាពក្នុងការបង្កើតសមាគម មិនមែនជាគោលការណ៍ដែលមានតែទ្រឹស្ដីនោះទេ សេរីភាពទាំងនោះជា សិទ្ធិជាមូលដ្ឋានដែលរដ្ឋ ឬប្រទេស ឬរដ្ឋាភិបាលនៅទូទាំងពិភពលោក មានកាតព្វកិច្ចត្រូវតែបំពេញ។ ទាំងអស់នេះជាកត្តាយ៉ាងសំខាន់ដែលត្រូវធ្វើឲ្យការផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធើរណិតមានអំណាចបំផុតក្នុងការប្រែក្លាយជីវភាព និងសង្គម ដើម្បីបុព្វហេតុល្អៗ"។
អត្ថបទនៃមណ្ឌលព័ត៌មានរបស់អង្គការសហប្រជាជាតិបានបន្តទៀតថា៖ កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ការផ្សាយព័ត៌មាននេះ ជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភ្នាក់ងារសារព័ត៌មាននានា នៅក្នុងតំបន់ចែករំលែកបទពិសោធន៍ និងគំនិតរបស់ខ្លួន ការផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ និងបច្ចេកវិទ្យា។
សេចក្ដីថ្លៃងការណ៍របស់លោក បាន គីមូន ជាការរំលឹកឡើងវិញនូវយោបល់ដែលលោកបានលើកឡើងកាលពីខែមុន នៅឯ ទិវាសង្គមព័ត៌មាននិងទូរគមនាគមន៍ពិភពលោក ដែលនៅពេលនោះលោកបានជំរុញឲ្យ អ្នកបង្កើតគោលនយោបាយគ្រប់រូបខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធានាឲ្យបានថា បណ្ដាសហគមន៍នៅតាមតំបន់ជនបទ អាចមានលទ្ធភាពប្រើប្រាស់ជាប្រយោជន៍នូវបច្ចេកវិទ្យាចុងក្រោយបំផុតនេះ និងមិនឲ្យសហគមន៍ទាំងនោះធ្លាក់ខ្លួនជាជនរងគ្រោះដោយសារគម្លាតបច្ចេកវិទ្យាអេឡិចត្រូនិកឡើយ។
លោក បាន គីមូន មានប្រសាសន៍ថា៖ "នៅពេលដែលយើងបានបំពេញគម្លាតប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក ពេលនោះយើងធ្វើឲ្យគម្លាតដែលញែកភាពខុសគ្នារវាងអ្នកដែលអាច និងអ្នកដែលមិនអាចមានលទ្ធភាពប្រើប្រាស់ព័ត៌មាន និងចំណេះដឹង ដែលជាមធ្យោបាយពង្រីកឱកាសនានាដើម្បីធ្វើឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរ"។
នេះជាឯកសារបកប្រែក្រៅផ្លូវការ។ សូមអានអត្ថបទដើមជាភាសាអង់គ្លេស ទីនេះ។
No comments:
Post a Comment