ប្រភព៖
VOA
ដោយ៖
នៅ វណ្ណារិន
ភ្នំពេញ៖
ស្របពេលដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតបានកើនឡើងយ៉ាងច្រើននៅ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
រដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធ
អ៊ីនធឺណិតដើម្បីដាក់កំហិតការផ្សាយព័ត៌មានណាដែលរដ្ឋាភិបាលយល់ថា
ប្រាសចាកការណ៍ពិត
និងអាចធ្វើឲ្យមានផលប៉ះពាល់ទៅដល់សន្តិសុខសង្គមជាតិ។
ប៉ុន្តែក្រុមសកម្មជន និងបក្សប្រឆាំងយល់ថា
វាគឺជាវិធានការឈានទៅបំបិទសេរីភាពព័ត៌មានដែលនៅសេសសល់ចុង
ក្រោយនេះ។
លោក ឯក ថា
អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី
បានប្រាប់សំឡេង សហរដ្ឋអាមេរិកពីការរៀបចំច្បាប់នោះថា៖
«[សេចក្តីព្រាង]
ច្បាប់ស្តីពីការគ្រប់គ្រងលើប្រព័ន្ធអ៊ីនធឺណិតនិងអេឡិកត្រូនិកនេះ
គឺដើម្បីទប់ស្កាត់កុំឲ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើ
ឲ្យប៉ះពាល់ដល់សន្តិសុខ
និងសណ្តាប់ធ្នាប់សាធារណៈរបស់ព្រះរាជាណាចក្រកម្ពុជាយើង»។
យុវជនខ្មែរកំពុងប្រើប្រាស់អ៊ីនធឺណិតនៅហាងកាហ្វេមួយនៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១០។
របាយការណ៍មួយពីក្រសួងប្រៃសណីយនិងទូរគមនាគមន៍បានឲ្យដឹងថា
ចំនួនអ្នកប្រើ អ៊ីនធឺណិតបានកើនដល់១,៦៨លាននាក់នៅក្នុងឆ្នាំ២០១១
បើប្រៀបធៀបទៅឆ្នាំទៅមានត្រឹមតែ ៣សែន២ម៉ឺននាក់ប៉ុណ្ណោះ។
រីឯរបាយការណ៍ខ្លះរបស់ក្រុមហ៊ុនតាមដានបណ្តាញអ៊ីនធឺណិតបញ្ជាក់ថា
អ្នកប្រើប្រាស់កម្ពុជាមានប្រហែល៣,១ភាគរយប៉ុណ្តោះ។
លោកឯក ថា ការពារចំណាត់ការរបស់របស់រដ្ឋាភិបាលថា
វាមិនមែនដើម្បីទប់ស្កាត់និន្នាការដែលកំពុងរីកចម្រើននេះ
និងមិនមែនសម្រាប់បំបិទសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនោះទេ។
«វាមានន័យថាយើងធ្វើនេះដើម្បីទប់ស្កាត់ជនអគតិទាំងឡាយណាដែលផ្សព្វ
ផ្សាយព័ត៌មានដែលប្រាសចាកពីការណ៍ពិតអាចធ្វើឲ្យប៉ះពាល់ផល
ប្រយោជន៍សង្គម និងប្រទេសជាតិ»។
រដ្ឋាភិបាលបានចាប់ផ្តើមធ្វើសេចក្តីព្រាងមួយនេះអស់រយៈពេលជាងមួយ
ឆ្នាំមកហើយដោយប្រមូលឯកសារ និងបទពិសោធន៍ពីបណ្តាប្រទេសនានា។
នេះបើតាមការបញ្ជាក់របស់លោក ឈុន វ៉ាត
អគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ
អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ដែលហៅកាត់ថា
(NiDA) ប៉ុន្តែមិនបញ្ជាក់ថាពេលណានឹងរួចរាល់ទេ។
«ការណ៍ពិតទៅ[សេចក្តីព្រាងច្បាប់] នេះ និង
ផ្តោតសំខាន់លើឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត។
យើងកំពុងធ្វើការសិក្សាច្បាប់នេះដោយប្រមូលយកឯកសារនិងបទពិសោធន៍
ពីបណ្តាប្រទេសនៅអឺរ៉ុបនិងក្នុងតំបន់ដើម្បីឈានទៅដល់ការបង្កើត
[សេចក្តីព្រៀង] បឋមមួយ»។
ទាក់ទិនទៅនឹងច្បាប់មួយនេះលោកបានបន្ថែមទៀតថា
ការបង្កើតច្បាប់អ៊ីនធឺណិតនេះគឺវាពិតជាមានសារៈសំខាន់ដើម្បីឈាន
ទៅដល់ការ គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតមួយដ៏ល្អប្រសើរ
ហើយប្រឆាំងនឹងបទល្មើសនៅលើបណ្តាញមួយនេះ ដែលប្រទេសផ្សេងៗដូចជា
បណ្តាប្រទេសនៅសហភាពអឺរ៉ុប សឹង្ហបូរី និងម៉ាឡេស៊ី
ដែលមានច្បាប់នេះហើយ។
«ប្រទេសនានាមានច្បាប់របស់គេ។ មានច្បាប់គឺប្រសើជាង។
វានឹងជួយឲ្យមានកាគ្រប់គ្រងអ៊ីនធឺណិត មួយដ៏ល្អប្រសើរ
ជាពិសេសគឺបង្កាបទល្មើសនៅលើប្រព័ន្ធអ៊ីនធឺណិតទៀតផង»។
នៅពេលដែលច្បាប់អ៊ីនធឺណិតស្ថិតក្នុងដំណើរការព្រាងនោះ
អ្នកប្រើប្រាស់អ៊ីនធឺណិតសង្គមស៊ីវិល
និងតំណាងរាស្ត្ររបស់គណបក្សប្រឆាំងបានសម្តែងការព្រួយបារម្ភរបស់ពួក
គាត់អំពី
ការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិទទួលព័ត៌មាននៅ
លើអ៊ីនធឺណិត។
កញ្ញា កែវ គូនីឡា អ្នកសរសេរ ប្លុកក្នុងអ៊ីនធឺណិត
បានប្រាប់សំឡេងសហរដ្ឋអាមេរិកថា
កញ្ញាបានបង្កើតប្លុកផ្ទាល់ខួនចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះដើម្បី
សរសេរព័ត៌មានផ្សេងៗដែលនាងបានជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃ។
សម្រាប់កញ្ញា អ៊ីនធឺណិត ជាបណ្តាញសង្គម
ដែលមានភាពចាំបាច់សម្រាប់នាងក្នុងការចែកចាយព័ត៌មាន
ទំនាក់ទំនងមិត្តរបស់នាងនៅក្នុងនិង
ក្រៅប្រទេសនិងសម្រាប់ធ្វើការស្រាវជ្រាវផ្សេងៗដើម្បីបង្កើនចំណេះដឹង
ផ្ទាល់ខ្លួនហើយពុំគួរមានការរឹតត្បិតទេ។
«អ៊ីនធឺណិតវាប្រៀបដូចជាបាយអញ្ចឹង ដែលមានសារៈសំខាន់
ដើម្បីអភិវឌ្ឍខ្លួនឯង
និងសង្គមក៏ដូចជាប្រទេសជាតិពីព្រោះអ្វីៗទាំងអស់វានៅលើ
អ៊ីនធឺណិត។ ប្រសិនបើយើងចង់សិក្សាទំនាកទំនងជាមួយមិត្តភក្តិ
ឬក៏ធ្វើអ្វីផ្សេងៗយើងត្រូវការប្រព័ន្ធអ៊ីនធឺ ណិត»។
កញ្ញាគូនីឡាបានបន្តទៀតថា
រដ្ឋាភិបាលទាំងអស់គួរតែពង្រឹងច្បាប់ដែលមានស្រាប់ជាមុនសិនដើម្បី
ទប់ស្កាត់បទល្មើសនានាដូចជាការផ្សាយរូបភាពអាសអាភាសរបស់កុមារនៅលើ
ប្រព័ន្ធមួយនេះជាជាងការបង្កើតច្បាប់បន្ថែមទៀត។
លោក ង៉ែត ម៉ូសេ
ជាអ្នកសម្របសម្រួលផ្នែកទំនាក់ទំនងនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់
សហគមន៍ ដែលហៅកាត់ថា (CLEC)
ហើយក៏ជាអ្នកប្រើប្រាស់ប្លុកមួយរូបផងដែរ បាននិយាយថា
គាត់ប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃសម្រាប់កាងាររបស់គាត់
ក្នុងការចែកចាយព្រឹត្តិការណ៍ព័ត៌មាន
និងព័ត៌មានផ្សេងៗដល់អ្នកយកព័ត៌មាន អង្គការសង្គមស៊ីវិល
អង្គការអន្តរជាតិ នៅក្នុង និងក្រៅប្រទេស។
ឥឡូវនេះអ្នកប្រើប្រាស់អ៊ីនធឺណិតបានក្លាយជា
«អ្នកយកព័ត៌មានប្រជាជន»
ព្រោះអីពួកគាត់បានសរសេរនិងចែករំលែកព័ត៌មានជាច្រើនខុសៗនៅលើ
ប្រព័ន្ធមួយនេះ។
«វាគឺជាការព្រួយបារម្ភមួយ ប្រសិនបើច្បាប់ អ៊ីនធឺណិតនេះ
បង្កើតឡើងដើម្បីធ្វើការរិតត្បឹតការបញ្ចេញមតិ
និងទទួលព័ត៌មាននោះពីព្រោះថា អ្នកប្រើប្រាស់អ៊ីនធឺណិត
បានកើនឡើងជាច្រើន។ អ្នកប្រើប្រាស់អ៊ីនធឺណិត ហ្វេសប៊ុក ទ្វិតទ័រ
និងប្លុកបាន
ក្លាយជាអ្នកយកព័ត៌មានប្រជាជនទៅហើយៗពួកគាត់បានបិទផ្សាយព័ត៌មាន
ផ្សេងៗដែលគាត់ចង់បាន ប្រសិនបើមានការរិតត្បឹតមួយនោះ
ពួកគេនឹងក្រោកឡើងតវ៉ា។ ប្រសិនបើមានការបង្កើតព័ត៌មានជាច្រើន
ហើយទៅយើងបិទហ្វេសប៊ុក តើប្រទេសកម្ពុជានឹងទៅជាអ្វីទៅ?»។
កាលពីឆ្នាំទៅរដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវា
អ៊ីនធឺណិតទាំងនោះបិទគេហទំព័រប្លុកមួយមានឈ្មោះថាខេអាយមេឌា (KI
Media) ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង
មិនឲ្យមើលឃើញនៅនៅកម្ពុជា
ដែលធ្វើឲ្យមានការរិះគន់ជាច្រើនពីសំណាក់អង្គការសង្គមស៊ីវិល។
អ្នកស្រី សុខ ចិន្តា ប្រធានក្រុមហ៊ុន មេគង្គណិតបានមានប្រសាសន៍ថា៖
«ខ្ញុំគិតថារដ្ឋាភិបាលគួរតែបង្កើតច្បាប់នេះ
ព្រោះថាព័ត៌មាននៅក្នុងអ៊ីនធឺណិត ក៏ដូចជាព័ត៌មាននៅលើកាសែតដែរ
ពូកគេមានសិទ្ធសរសេរព័ត៌មាន ប៉ុន្តែវាត្រូវតែមានភាពត្រឹមត្រូវ ។
សម្រាប់ខ្ញុំ ខ្ញុំគាំទ្រសេចក្តីព្រាងច្បាប់នេះ
ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតទេ។
ប្រសិនបើរដ្ឋាភិបាលបង្កើតជាគោលនយោបាយនេះ ពួកយើងនឹងធ្វើតាម»។
បណ្តាញទូរទស្សន៍ និងវិទ្យុភាគច្រើនត្រូវបានរដ្ឋាភិបាលគ្រប់គ្រង
ដែលធ្វើឱ្យអ៊ីនធឺណិតក្លាយជាមធ្យោបាយតែមួយគត់សម្រាប់អ្នកដែល
រងគ្រោះពីការរំលោភបំពាននានាបញ្ចេញទស្សនៈរបស់គេបានបើទោះបីជា
អ្នកដែលប្រើប្រាស់ក្នុងស្រុកនៅមិនទាន់ទូលំទូលាយក៏ដោយ។
កាលពីពេលថ្មីៗនេះ
មានគេហទំព័រមួយត្រូវបានបង្កើតឡើងដោយមានការចូលរួមពីប្រជាពលរដ្ឋ
ដែល ត្រូវបានបណ្តេញចេញ
និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីក្រុមហ៊ុនស្ករសនៅខេត្តចំនួនបី
ត្រូវបានបើកបង្ហាញដល់សាធារណជន ។
គេហទំព័រមួយនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «ស្ករប្រឡាក់ឈាម»
ដើម្បីទាមទារឲ្យមាន
ការឈប់ប្រើស្ករសដែលនាំចេញទៅសហភាពអឺរ៉ុបពីរោងចក្រស្ករសទាំងនេះ
ដែលបានបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែង។
លោក សេង សុខហេង នៃបណ្តាញកសាងសន្តិភាពសហគមន៍(CPN)បានបញ្ជាក់ថា៖
«វាមានផលប្រយោជន៍ច្រើនណាស់។
ទី១គឺយើងអាចផ្សាយព័ត៌មានបានទូលាយជាងមុន
ដូច្នេះមនុស្សគ្រប់រូបអាចចូលមើលបានដោយសេរី ហើយមួយទៀត
ព័ត៌មានអាចស្ថិតនៅបានយូ»។ លោកសុខហេងបានបន្ថែមទៀតថា
«ការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតគឺមានប្រសិទ្ធភាព
និងអាចទទួលចាប់អារម្មណ៍បានច្រើន
ហើយវាអាចចែកចាយព័ត៌មានពីមនុស្សម្នាក់ទៅមនុស្សផ្សេង
បានយ៉ាងឆាប់រហ័ស។ មកដល់ពេលនេះ
យើងបានបង្កើតគេហទំព័រសហគមន៍ចំនួនបីទៅបួនហើយ ដូចជាគេហទំព័រមួយនេះ
គេហទំព័រព្រៃឡង់ និងគេហទំព័រផ្សេងទៀតរបស់សហគមន៍
ដែលមានអ្នកចូលមើលជាច្រើន»។
ដោយឡែកលោក យឹម សុវណ្ណ តំណាងរាស្រ្តរបស់គណបក្សសមរង្ស៊ី
បានហៅសេចក្តីព្រាងច្បាប់ថ្មីនេះថាជា
«ការបំបិទការរិះគន់លើរដ្ឋាភិបាល» និង
«រិតត្បឹតសេរីភាពនៃការបញ្ចេញមតិ»
បន្ទាប់ពីគណបក្សកាន់អំណាចមួយនេះ
បានគ្រប់គ្រងស្ទើរតែទាំងស្រុងលើប្រព័ន្ធផ្សព្ធផ្សាយនៅកម្ពុជា។
«បន្ទាប់បានគ្រប់គ្រងស្ថានីយវិទ្យុ និងទូរទស្សន៍រួចហើយ ពួក
គេចង់គ្រប់គ្រងលើប្រព័ន្ធព័ត៌មានសង្គមថែមទៀត។ ការនិយាយថា
ទប់ស្កាត់កុំឲ្យមានការផ្សព្វ
ផ្សាយព័ត៌មានមិនពិតគឺគ្រាន់តែជាលេសមួយតែប៉ុណ្ណោះ
ប៉ុន្តែមូលហេតុនយោបាយពិតនេះគឺធ្វើការរិតត្បឹតសិទ្ធិបញ្ចេញមតិ»។
លោក សុវណ្ណ បានបញ្ជាក់ផងដែរថា
អ៊ីនធឺណិតបានចូលរួមចំណែកសំខាន់សម្រាប់យុវជនកម្ពុជាក្នុងការចែក
រំលែក និង
ជាកន្លែងមួយដែលអាចទទួលព័ត៌មានដែលជាក់លាក់បានសម្រាប់ជួយក្នុងការ
អភិវឌ្ឍប្រទេសជាតិ។
បន្ទាប់ពីការរត់ភៀសខ្លួនរបស់លោក សម
រង្សីប្រធានគណបក្សសមរង្សីនាឆ្នាំ២០១០មកអ៊ីនធឺណិតបានដើរតួនាទីយ៉ាង
ចាំបាច់ក្នុងការទំនាក់ទំនងរវាង
ប្រធានគណបក្សរូបនេះជាមួយនឹងសមាជិករបស់ខ្លួន។
នេះបើតាមការបញ្ជាក់របស់លោកសុវណ្ណ។
«វាមានសារៈសំខាន់ណាស់សម្រាប់លោកប្រធានសមរង្ស៊ីក្នុងការ
ទំនាក់ទំនង
ជាមួយនឹងសកម្មជនរបស់គណបក្សសមរង្ស៊ីនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាលោកប្រធានមានឧបសគ្គមិនអាចស្ថិតនៅក្នុងប្រទេសកម្ពុជាក៏
ដោយក៏ យើងនៅតែអាចធ្វើការជាមួយគ្នាបានតាមរយៈវីដេអូបានដែរ»។
ក៏ប៉ុន្តែលោក ជាម យៀប
តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថា
គណបក្សរបស់លោកប្រើការចុះទៅជួបប្រជាពលរដ្ឋ
និងសកម្មជនដោយផ្ទាល់ជាជាងការប្រើអ៊ីនធឺណិត។
លោកជាម យៀប ប្រៀបធៀបអ៊ីនធឺណិតដូចជាកាំបិត
ដែលមានមុខពីរដូច្នោះដែរដែលប្រើប្រាស់សម្រាប់ទទួលព័ត៌មានសម្រាប់
ប្រជាពលរដ្ឋទាំងអស់នៅលើសកលលោកប៉ុន្តែក៏មានផលអាក្រក់ដល់
វប្បធម៌ ការអប់រំ និងផ្នែកផ្សេងទៀត។
«ក្នុងនាមខ្ញុំគឺជាតំណាងរាស្រ្តមួយរូប ខ្ញុំសូមធ្វើការគាំទ្រដល់
[សេចក្តីព្រាងច្បាប់] នេះ ព្រោះថាយើងត្រូវធ្វើឲ្យប្រាកដថា
យើងអាចមានច្បាប់មួយដែលជួយជំរុញឲ្យមានការគ្រប់គ្រងមួយដ៏ល្អ
ដើម្បីជៀសវាងការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងផ្លូវខុសគន្លងប្រពៃណី
ដែលអាចនាំឲ្យមានការរំលោភច្បាប់ និងសិទ្ធិរបស់អ្នកដទៃ។
ឧទាហរណ៍ដូចជាការដាក់ផ្សាយរួបភាពអាសអាភាសនៅក្នុងហ្វេសប៊ុកជាដើម។
ដូច្នេះយើងត្រូវការច្បាប់មួយដើម្បីគ្រប់គ្រងវា»។
បណ្តាញសង្គមក្នុងអ៊ីនធឺណិតដែលមានដូចជា ហ្វេសប៊ុក (Facebook)
ទ្វីតធ័រ (Twitter) និង យូធូប (YouTube)
ត្រូវបានប្រើប្រាស់ដោយក្រុមយុវជនក្នុងការប្រមូលផ្តុំគ្នាចេញមក
តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងបណ្តាប្រទេសក្នុងតំបន់អារ៉ាប់ដែល
គេហៅឈ្មោះថា«បដិវត្តន៍រដូវផ្ការីកអារ៉ាប់»
ហើយបានទម្លាក់មេដឹកនាំប្រទេសមួយចំនួន។
រីឯនៅកម្ពុជាសកម្មជនសេរីភាពអ៊ីនធឺណិតមួយចំនួនអះអាងថា
ក្រុមអ្នកប្រើប្រាស់អ៊ីនធ័រណិតបានចែកចាយព័ត៌មានស្តីពីការរំលោភ
សិទ្ធិមនុស្ស ការរំលោភដីធ្លីប្រជាពលរដ្ឋ និងអំពើពុករលួយជាដើម៕